អាហារ និងសុខភាព

29 - 02 - 2020

វិធីងាយៗ ជួយថែរក្សា ស្រ្តីមានផ្ទៃពោះ និង ទារក ឱ្យមានសុខភាពល្អ

   តើ​ធ្វើ​ដូចម្តេច​ដើម្បី​ធ្វើឱ្យ​ផ្ទៃពោះ​  មាន​សុខភាព ? គឺជារឿង​ល្អ​បំផុត ​ដែល​អ្នក​អាច​ធ្វើ​បានគឺ​ត្រូវ​ចាប់​ ផ្តើ​ម​ ជាមួយនឹង​ការ​ថែរក្សា​ទារក ​របស់​អ្នក​មុន​ពេល​វា  ​ត្រូវ​បាន​សំរាល​មក​ ។

            ខាងក្រោមនេះ វិធីសាស្រ្តមួយចំនួន  ដែលអាចជួយមិត្តស្រ្តី ៗ  បានមុនពេល  សំរាល កូនឱ្យម្តាយ និង ទារក មានសុខភាពល្អ៖

១/ត្រូវធ្វើ​ការ ​ការ​ណាត់​ជួប​ជាមួយ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាពរបស់​អ្នក ​ហើយចាប់​​ផ្តើ​ម​​​ការ​​        ​       ថែ​ទាំ​មុនពេលសំរាលទារក ​។  

២/សូម​ប្រាកដ​ថា​អ្នក​មិន​ផឹក​គ្រឿង​ស្រវឹង ឬ​ទទួល​យក​ថ្នាំញៀន​។ ប្រសិនបើ​អ្នក​ជក់ បារីសូម
       បញ្ឈប់ការ ជក់បារីភ្លាមដើម្បីឱ្យទារកដែលសំរាលមកមានសុខភាពល្អ  ។

៣/ការពិភាក្សាជាមួយ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​អំពី​ការផ្តល់​ថ្នាំដើម្បីមាន​សុវត្ថិភាពក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​របស់​អ្នកត្រូវធ្វើតាមការណែនាំ​របស់គ្រូពេទ្យ ។ ថ្នាំមួយចំនួន​​​អាច​បង្ក​ឱ្យមាន​ពិការភាពពី​កំណើត ​(បាត់បង់អវៈយវៈណាមួយនៃរាងកាយទារក) ។   

៤/បរិភោគ​អាហារ​បំប៉ន​ត្រូវទទួលទានអាហារដែលមានសារធាតុខ្លាញ់បន្ថែម​ ដើម្បីឱ្យរាងកាយរបស់​អ្នក​ ​នៅតែ​បន្តការរីក​លូតលាស់​​ខណៈ​ដែល​អ្នក​មាន​ផ្ទៃពោះ​ដើម្បី​រក្សា​ឱ្យអ្នក ​ និងកូន​របស់​អ្នក ​រឹងមាំ​ និង ​មាន​សុខភាព​ល្អ  ​។
៥/ផឹកទឹក​ឱ្យ​បា​នច្រើន ៦ ទៅ ៨ កែវ​ក្នុងមួយ​ថ្ងៃ​ ។

៦/ដុស​ធ្មេញ របស់​អ្នក​ក្រោយ​ពី​ទទួលទាន​អាហារ​និងការ​ថែរក្សា​អញ្ចាញ​ធ្មេ​ញរបស់​អ្នកជា​រៀង​រាល់​ថ្ងៃ​ ។ល៕

                        ការបរិភោគអាហារត្រឹមត្រូវដើម្បីសុខភាពល្អ ពេលមានគភ៌

          តើខ្ញុំគួរបរិភោគអាហារប្រភេទណាខ្លះ?
ក្នុងពេលមានផ្ទៃពោះ ទារកក្នុងផ្ទៃរបស់អ្នក ស្រូបជីវជាតិអាហារ  ដែលទារកត្រូវការជាចាំបាច់ ដើម្បីធំ ធាត់ និងលូតលាស់ ពីអ្នក ។ ដូច្នេះដើម្បីឲ្យអ្នក និងទារកអ្នក មានសុខភាពល្អ និង មានកម្លាំងពលំមាំមួនក្នុងតំណាក់កាលនេះ ជាការសំខាន់ អ្នកត្រូវបរិភោគអាហារល្អៗដើម្បីសុខភាព និង អាហារដែល បរិភោគត្រូវមានតុល្យភាព ។ តារាងពីរ៉ាមីតនៃអាហាររបស់យើងគេអាចប្រើតារាងពីរ៉ាមីតនៃអាហាររបស់យើង ដើម្បីជាតារាងណែ នាំមានប្រយោជន៍មួយក្នុងការជួយប្រាប់ឲ្យដឹងថា តើយើងបរិភោគអាហារគ្រប់គ្រាន់ទៅតាមប្រភេទ អាហារល្អៗដែលត្រូវបរិភោគឬនៅ ។

កម្រិតទី១៖   បាយ នំបញ្ចុក / គុយទាវ /មី នំប៉័ង គ្រាប់ធញ្ញជាតិដទៃទៀត និង អាហារដែល ចម្រាញ់ ចេញពីគ្រាប់ធញ្ញជាតិនិងមើមឈើបរិភោគ ៨ ទៅ ១២ពេល។
កម្រិតទី២៖   ផ្លៃឈើ និងបន្លែបរិភោគ ៣ ទៅ ៥ពេល។
កម្រិតទី ៣៖  ត្រីសាច់ សាច់មាន់ទា សាច់សត្វ និងគ្រាប់សណ្តែកគ្រប់ប្រភេទ   (ឧទាហរណ៍ សណ្តែកសៀង និង អាហារដែលធ្វើពីសណ្តែកសៀង សណ្តែកខៀវ សណ្តែកក្រហម និង សណ្តែកលឿង បរិភោគ ២ ទៅ ៣ ពេល ។
កម្រិតទី ៤៖  ខ្លាញ់ ប្រេង ស្ករ និង អំបិល បរិភោគតិច។
កម្រិតទី ៥៖   ទឹកដោះគោ និង អាហារពីទឹកដោះគោ (មិនរាប់បញ្ចូលទឹកដោះគោខាប់ ហ្វ្រូម៉ា និង ខ្ទិះ) បរិភោគ ១ ទៅ ២ ពេល ។

          តើពេលមានគភ៌ខ្ញុំគួរបរិភោគអាហារសម្រាប់មនុស្សពីរនាក់មែនឬទេ ?

           តើខ្ញុំត្រូវការកាឡូរីបន្ថែមប៉ុន្មានទៀត ?

         ពេលមានផ្ទៃពោះអ្នកនឹងឡើងគីឡូ ។ការឡើងទម្ងន់នេះមិនមែនឡើងដោយឯកឯងនោះទេគឺវាឡើងដោយសារទារកកាន់តែរីកធំធាត់ក្នុងផ្ទៃ!ប៉ុន្តែ ប្រសិនបើមុនពេលមានគភ៌អ្នកមានទម្ងន់សមល្មមនិង ប្រព័ន្ធ​រំលាយអាហារមានសុខភាពល្អអ្នកគួរឡើងគីឡូត្រឹមចន្លោះពី១០គីឡូទៅ១៣គីឡូប៉ុណ្ណោះ ។

          អ្នកត្រូវការបន្ថែមកាឡូរីតែក្នុងតំណាក់កាលត្រីមាសទីបីប៉ុណ្ណោះ។ចំពោះស្រ្តីដែលមានទម្ងន់សមល្មមមុនពេលមានគភ៌គាត់ត្រូវការ២០០-៣០០កាឡូរីបន្ថែមក្នុងមួយថ្ងៃ។ប៉ុណ្ណឹងគ្រប់ គ្រាន់ល្មម។ ឥឡូវ ចូរឈប់គិតពីការបរិភោគអាហារឌុបនេះទៀតទៅ!គ្រាន់តែប៊ើរពីរបន្ទះបន្ថែមក្នុងអាហារមួយពេលគឺល្មមអាចបង្រ្គប់កាឡូរីដែលត្រូវការបន្ថែមនោះទៅហើយ!

         អ្វីដែលគួរបរិភោគនៅពេលមានផ្ទៃពោះ  ?

         ការបិរភោគតិចឬច្រើនមិនសំខាន់ដូចការបរិភោគឲ្យត្រឹមត្រូវតាមក្រិត្យក្រមនោះទេ។ទារករបស់អ្នកទទួលជីវជាតិអាហារពីអ្នកដោយផ្ទាល់។ដូច្នេះចូរអ្នកបរិភោគអាហារឲ្យមានតុល្យភាពពោលគឺអ្នកមិនត្រូវទទួលទានអាហារដែលមានជាតិស្ករច្រើនពេក (ដែលអាចនាំឲ្យកម្រិតជាតិស្ករក្នុងឈាមអ្នកកើនខ្ពស់និង ថយចុះវិញយ៉ាងគំហុកដែលបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារនិងអាចធ្វើឲ្យអ្នកមានអាការល្ហិតល្អៃនិងវិលមុខធីងធោងជាញឹកញយ ។

      ប្រការសំខាន់គឺអ្នកមិនត្រូវបង្ខំខ្លួនឲ្យបរិភោគអាហារពេកទេ។ មានថ្ងៃខ្លះអ្នកនឹងមានអារម្មណ៍ដូចជាឃ្លានខ្លាំង។ ឯថ្ងៃខ្លះទៀតអ្នកនឹងធុញទ្រាន់ចំណី។ប្រសិនបើអ្នកចាញ់កូនចូរអ្នកបរិភោគតិចៗតែញឹកញាប់។ធ្វើដូច្នេះអាចជួយបន្ធូរអាការនេះបានផងដែរ។ចូរអ្នកបណ្តោយខ្លួនឲ្យទៅតាមក្រឹត្យក្រមធម្មជាតិរបស់មនុស្ស។មិនយូរមិនឆាប់អ្នកនឹងស្ងើចសរសើរអំពីភាពអស្ចារ្យនៃរាងកាយរបស់អ្នកដែលធម្មជាតិផ្តល់ឲ្យយ៉ាងស័ក្តិសមសម្រាប់ត្រៀមសម្របខ្លួនក្នុងពេលមានផ្ទៃពោះនេះ!  

       វីតាមីន និង អាហារបំប៉នបន្ថែម ក្នុងពេលមានផ្ទៃពោះ

              វីតាមីន និង អាហារបំប៉នបន្ថែម ក្នុងពេលមានផ្ទៃពោះ

         អាហារបំប៉នសំខាន់ៗ ក្នុងពេលមានផ្ទៃពោះអាហារបំប៉នជាក់លាក់មួយចំនួន មានសារសំខាន់សម្រាប់​ជួយការរីកលូតលាស់របស់ទារកអ្នក ក្នុងពេលមានគភ៌ ។  វីតាមីន និង អាហារបំប៉ន ដែលអ្នកត្រូវការជាចាំបាច់ ក្នុងពេលមានផ្ទៃពោះ ៖

         អាស៊ីតហ្វូលីក អាស៊ីតហ្វូលីក ជួយកាត់បន្ថយគ្រោះថ្នាក់ទារកកើតមិនគ្រប់លក្ខណៈ ដូចជាជំងឺពិការ​ខួរ​ឆ្អឹងខ្នង ។ ប្រការសំខាន់បំផុត គេត្រូវទទួលទានវីតាមីននៃអាស៊ីតហ្វូលីកនេះ ពីរបីខែមុនមានគភ៌ និង ក្នុង​តំណាក់​កាលត្រីមាសដំបូង(១២ សប្តាហ៍) ។ ជាការសំខាន់ក្នុងតំណាក់កាលនេះអ្នកត្រូវបរិភោគ​អាហារ​ណាដែលនាំឲ្យអ្នកមានសុខភាពល្អ និង មានតុល្យភាព និង ទទួលទានវីតាមីន​នៃអាស៊ីតហ្វូលីក​នេះជា​ជំនួយ​ផងដែរ។ វីតាមីនក្នុងប្រភេទអាស៊ីតហ្វូលីកនេះ មានក្នុងអាហារដែលមានអាស៊ីតហ្វូលីកខ្ពស់ រួម​មាន​ប្រភេទបន្លែពណ៌បៃតង ដូចជា ខាត់ណាបៃតង ស្ពៃក្តោប គ្រាប់សណ្តែក​ សណ្តែកបារាំង និង ផ្លែឈើ ដូចជាផ្លែក្រូចជាដើម  ។

           ជាតិដែក និង វីតាមីនសេ 

          ក្នុងចំណោមជីវជាតិអាហារបំប៉នសំខាន់ៗ ជាតិដែកជាជីវជាតិអាហារបំប៉នសំខាន់មួយប្រភេទ ដែលអ្នក​ត្រូវ​​ការជាចាំបាច់ ក្នុងពេលមានផ្ទៃពោះ។ ជាតិដែកនេះមានសារសំខាន់ ក្នុងការជួយបញ្ជូន​អុកស៊ីហ្សែន​បន្ថែម​ក្នុងគ្រាប់ឈាមក្រហមរបស់អ្នក និង ទារកអ្នកត្រូវការជាតិដែកជាចាំបាច់ សម្រាប់ការលូតលាស់​ខួរ​ក្បាលរបស់ទារក   ។ 

     ពេលនេះ ប្រសិនបើអ្នកខ្វះជាតិដែក ទារករបស់អ្នកអាចមានសុខភាពធម្មតា។ ប៉ុន្តែអ្នកនឹង​ប្រឈម​គ្រោះថ្នាក់នៃជំងឺខ្វះឈាម ដែលធ្វើឲ្យអ្នកមានអាការអស់កម្លាំង ស្លេកស្លាំង ល្ងិតល្ហៃ និង មិន​ស្រួល​​ខ្លួន។ ប្រសិនបើអ្នកទៅជួបគ្រូពេទ្យ គាត់នឹងឲ្យអ្នកទទួលទានជាតិដែកបន្ថែម  ។ ប្រសិនបើអ្នកមិន​បានទៅជួបពេទ្យទេ អ្នកត្រូវតែទទួលទានអាហារណាដែលមានជាតិដែកខ្ពស់ ដូចជាសាច់សុទ្ធ ត្រីសាច់ ស៊ុត ផ្លែឈើក្រៀម អាហារធ្វើពីគ្រាប់ធញ្ញជាតិ នំប៉័ង និង បន្លែស្លឹកបៃតង  ។ 

            រាងកាយរបស់អ្នកស្រូបយកជាតិដែកបានល្អ ប្រសិនបើអ្នកបរិភោគផ្លែឈើ ឬ បន្លែណាដែល​មាន​វីតាមីនសេខ្ពស់ក្នុងពេលដំណាលគ្នា ។ ដូច្នេះ ចូរអ្នកពិសាទឹកក្រូចស្រស់មួយកែវ ក្នុងពេលពិសា​អាហារ​ធ្វើពីគ្រាប់ធញ្ញជាតិ ឬ ពិសាផ្លែឈើស្រស់ខ្លះសិន មុននឹងចាប់ផ្តើមពិសាអាហារសំខាន់ប្រចាំថ្ងៃ  ។ 

         អាស៊ីតខ្លាញ់អូមេហ្កា ៣

          ប្រការសំខាន់ ក្នុងពេលមានផ្ទៃពោះ ស្រ្តីត្រូវការអាស៊ីតខ្លាញ់អូមេហ្កា ៣ គ្រប់គ្រាន់ ។ អាស៊ីតប្រភេទនេះ ជួយ​ប្រព័ន្ធសរសៃប្រសាទរបស់ទារក ឲ្យរីកលូតលាស់បានល្អ និងជួយការពារ​កុំឲ្យអ្នកកើត​ជំងឺ​បេះ​ដូង​។ មិនតែប៉ុណ្ណោះតាមការសិក្សាបានបង្ហាញថា ជាតិខ្លាញ់អូមេហ្កា ៣ ក្នុងពេលមានផ្ទៃពោះ អាចជួយឲ្យ​ទារក​​មានខួរក្បាលឆ្លាតវៃ! ខ្លាញ់ត្រីមួយចំនួន ដូចជាត្រីសាឌីន  ត្រីកាម៉ុង និង ត្រីសូម៉ុង គឺសុទ្ធតែ​មាន​អាស៊ីត​ខ្លាញ់អូមេហ្កា ៣ ខ្ពស់។ ទោះជាយ៉ាងនេះក្តី អ្នកមិនត្រូវបរិភោគវាលើស​ពី២ដងក្នុងមួយ​សប្តាហ៍​ឡើយ ដ្បិតត្រីប្រភេទនេះក៏មានផ្ទុកសារធាតុបារតផងដែរ។ សារធាតុបារតច្រើន អាចបង្កគ្រោះថ្នាក់​ដល់​ទារក​របស់អ្នក ។ អាស៊ីតខ្លាញ់ អូមេហ្កា៣ នេះក៏មាននៅក្នុងគ្រាប់បន្លែ ដូចជាគ្រាប់ល្ពៅ និងល្ងរ។ អ្នក​ពិ​សាវា​​ប្រហែល២ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ ឬ បើមិនដូច្នេះទេ អ្នកអាចពិសាអាហារ​បន្ថែមជំនួស​ក៏​បាន​ ។ 

             វីតាមីនបន្ថែមពេលមានគភ៌

          អ្នកអាចជ្រើសយកវីតាមីនបន្ថែមមានចម្រុះមុខស្រាប់​ ដែលគេផលិតយ៉ាងពិសេស​សម្រាប់ស្រ្តី​ត្រៀម​មាន​គភ៌ ឬ កំពុងមានគភ៌ក៏បាន។ វីតាមីនបន្ថែមនេះ ជួយឲ្យអ្នកមានជីវជាតិអាហារ​បំប៉នតាម​តុល្យភាព​ត្រឹម​ត្រូវ សម្រាប់ឲ្យស្រ្តីនិងទារកមានសុខភាពល្អ រួមមានទាំងអាស៊ីតហ្វូលីក និងជាតិដែកផង ។ 

          ប៉ុន្តែ នៅពេលជ្រើសរើសប្រភេទវីតាមីន ចូរជ្រើសយកតែវីតាមីនបន្ថែមណា ដែលប្រើសម្រាប់​ពេល​ត្រៀមមានគភ៌ និង ពេលមានគភ៌ គឺមិនមែនជ្រើសយកវីតាមីនចម្រុះមុខសម្រាប់ប្រើទូទៅនោះទេ ដ្បិតវីតាមីនចម្រុះមុខ វាអាចមានលាយទាំងវីតាមីនផ្សេងៗទៀតដែលពេទ្យហាមប្រើ ។ 

           វីតាមីនដែលគួរចៀសវាងពេលមានគភ៌ វីតាមីន អា

          អាហារដូចជា សាច់ក្រកញាត់ថ្លើមសត្វ ជាប្រភពសម្បូរជាតិដែកខ្លាំង ប៉ុន្តែ វាអាចផ្ទុកវីតាមីន អា ច្រើនផងដែរ។ វីតាមីន អា ច្រើនពេក អាចប៉ះពាល់ដល់ទារក  ។ ដូច្នេះ ជាការល្អ ស្រ្តីមានផ្ទៃពោះ គប្បីជៀសវាងថ្លើមសត្វ និង អាហារដែលមានជាតិថ្លើមសត្វ ។   អ្នកគួរប្រយ័ត្នផងដែរ ដ្បិតក្នុងប្រភេទវីតាមីនបន្ថែមខ្លះ គឺមានវីតាមីនប្រភេទនេះ។ ដូច្នេះចូរ​ជ្រើស​រើស​វីតាមីនបំប៉នបន្ថែមប្រភេទណាដែលមិនប៉ះពាល់ដល់សុខភាពអ្នក និង ទារក។  គ្រូពេទ្យរបស់អ្នកអាច​ជួយ​​អ្នក​បានក្នុងរឿងនេះ ។ 

             ទោះជាយ៉ាងនេះក្តី មានវីតាមីន អា មួយប្រភេទ ហៅថាការ៉ូទីន ស្រ្តីមានផ្ទៃពោះអាចប្រើបាន ។ ការ៉ូទីនមានក្នុងម្ទេសប្លោកក្រហម ម្ទេសប្លោកលឿង និង ម្ទេសប្លោកពណ៌ទឹកក្រូច ស្វាយ ការ៉ុត ដំឡូងជ្វា ប៉េងប៉ោះ ផ្លែ និង បន្លែ watercress 

                              សុរា និង ការមានផ្ទៃពោះ

តើប៉ះពាល់អ្វីខ្លះ កាលណាអ្នកទទួលទានសុរាក្នុងពេលមានផ្ទៃពោះ?

            គួររម្លឹកថា ពេលមានគភ៌ កាលណាអ្នកក្រេបសុរាចូលពោះ ទារកក្នុងផ្ទៃរបស់អ្នកក៏ក្រេបសុរានោះដែរ ។ ការ​សិក្សាបានរកឃើញថា ការពិសាសុរាជាប្រចាំអាចមានគ្រោះថ្នាក់ ។ ជាតិសុរានឹងជ្រាបភ្លាម​ទៅដល់​ទារក​​របស់អ្នកតាមរយៈសុក។ ចូរអ្នកកុំភ្ញាក់ផ្អើល ដ្បិតសុរាងាយជ្រាបចូលក្នុងសរ​សៃឈាមរាងកាយ​របស់អ្នកបំផុត ប៉ុន្តែដើម្បីបណ្តេញជាតិសុរានេះចេញពីប្រព័ន្ធរាងកាយវិញ គឺវាត្រូវការរយៈពេលយូរ​ជាង​នេះ ដល់ទៅពីរដង  ។

តើមានផលប៉ះពាល់យូរអង្វែងអ្វីខ្លះដល់ទារករបស់អ្នក ប្រសិនបើអ្នកពិសាសុរាក្នុងពេលកំពុងមានផ្ទៃពោះ ?

         គួររម្លឹកថា ការទទួលទានសុរាលើសពី ២ កែវ ក្នុងមួយថ្ងៃ មានន័យថា ទារករបស់​អ្នកនឹង​ជួប​បញ្ហា​លំបាក​ក្នុងការរៀនសូត្រ ការនិយាយស្តី ការផ្ចង់អារម្មណ៍ ភាសា និងការងប់នឹងធ្វើអ្វីមួយ​ហួស​ហេតុ ។ ​គេហៅ​ផល​ប៉ះពាល់អវិជ្ជមានទាំងអស់នេះ ថាជាផលប៉ះពាល់ដោយសារឥទ្ធិពលសុរាក្នុងពេលមានគភ៌ Foetal Alcohol Effects (FAE)  ។ 

         ប្រសិនបើ អ្នកពិសាសុរាលើសពី ៥កែវក្នុងមួយថ្ងៃ ក្នុងពេលមានផ្ទៃពោះ អ្នកនឹងប្រឈម​គ្រោះ​ថ្នាក់​នៃរោគសញ្ញាដោយឥទ្ធិពលសុរាក្នុងពេលមានគភ៌ Foetal Alcohol Syndrome (FAS)។ រោគសញ្ញា​នេះ មានលក្ខណៈស្រួចស្រាល់ រហូតធ្វើឲ្យកូនរបស់អ្នកលូតលាស់ខួរក្បាលនិងកាយសម្បទាយឺត ខូច​ចរិត និង ខូចទម្រង់មុខមាត់ និង ឈឺជំងឺបេះដូង ។ 

                    ការពិសាសុរាក្នុងដំណាក់កាលដំបូងៗនៃពេលមានគភ៌

            ជាការពិត អ្នកវិទ្យាសាស្រ្តមិនដឹងថា តើការពិសាសុរាពីរបីកែវ អាចជួយអ្វីខ្លះដល់ទារកអ្នកក្នុងដំណាក់​កាលដំបូងៗនៃពេលមានគភ៌ឡើយ។មានស្រ្តីជាច្រើនបានពិសាសុរាញឹកញាប់មុនដឹងថាពួកគាត់មានគភ៌ ( ប៉ុន្តែពេលបុត្រប្រសូត្រមក បុត្រទាំងនោះមានសុខភាពល្ អ) ។ ទោះជាយ៉ាងនេះក្តី ភ្លាមៗពេលអ្នក ដឹង​ថា​អ្នកមានគភ៌ ជាការល្អ អ្នកគួរជៀសឲ្យឆ្ងាយពីសុរា ឬប្រសិនបើជៀសមិនបាន អ្នកគួរទទួលទាន​វាទៅ​តាមការណែនាំរបស់ភ្នាក់ងារស្តង់ដាចំណីអាហារ ដែលអនុញ្ញាតឲ្យអ្នកពិសាសុរាបាន ១ កែវ ឬ ២កែវ​ម្តង​ឬពីរដងក្នុងមួយសប្តាហ៍ ។  ប្រសិនបើអ្នកចង់មានគភ៌ អ្នកអាចលះបង់ការពិសាសុរាជាមុន ដើម្បីកាត់បន្ថយក្តីកង្វល់មួយនេះ

         តើសុរា ១ កែវច្រើនប៉ុនណា ? 

          ប្រសិនបើអ្នកជួបជុំពិសាសុរានៅផ្ទះមិត្តភ័ក្តិ ចូរកុំភ្លេចថា មនុស្សច្រើនណាស់ដែលសប្បាយចាក់សុរា ពេញៗកែវ និង ចូរចាំថា កែវស្រានៅបារ៍ តូចៗមិនដូចកែវស្រានៅតាមផ្ទះ  !

១ កែវស្មើនឹង៖

       - ស្រាបៀរធម្មតា ២៣៦ មិល្លីលីត្រ

       - ស្រាបៀរខ្លាំង ១១៩ មិល្លីលីត្រ

        - ស្រា ១ កែវតូច

         បើដូច្នេះ តើអ្នកអាចពិសាភេសជ្ជៈអ្វីខ្លះ?

            សុរា និង ការមានផ្ទៃពោះ គឺជារឿងពីរដាច់ពីគ្នា។ ដូច្នេះ ហេតុអ្វីអ្នកមិនជ្រើស​រើសពិសាភេសជ្ជៈ​គ្មាន​ជាតិ​សុរា ឬ ពិសាត្រឹមស្រាបៀរវិញ? ឬ បើមិនដូច្នេះទេ អ្នកគួរពិសាស្រាក្រឡុកក៏បាន៖

             ស្រាក្រឡុកប្រភេទជំនោរបរិសុទ្ធសមុទ្រ (Virgin Sea Breeze)  ទឹកផ្លែ Cranberry ទឹកទំពាំងបាយជូរចាក់ទឹកផ្លែឈើទាំងពីរមុខនេះបរិមាណស្មើគ្នា ចូលទៅក្នងកែវ រួចកូរ ។ រស់ជាតិធ្វើឲ្យស្រស់ស្រាយចិត្ត !

            ភេសជ្ជៈក្រឡុកប្រភេទ Cheat’s ‘ Bailey’s ’

             - ​ការ៉េម ½ ពែង

             - ទឹកសូកូឡា  ¼ ពែង

             - ទឹកដោះគោ ¾ ពែង

         ចាក់វាទាំងអស់ចូលក្នុងម៉ាស៊ីនក្រឡុក និង ក្រឡុកវាឲ្យសព្វ រួចដាក់ទឹកកកបន្តិចមុនពិសា។ ភេសជ្ជៈ​ប្រភេទ​នេះ ជួយបន្ថែមលើអាហារប្រចាំថ្ងៃរបស់អ្នក!

ភេសជ្ជៈក្រឡុកប្រភេទ Virgin Margarita

          - ទឹកក្រូចឆ្មា ១៥ មិល្លីលីត្រ

          - ទឹកក្រូច ១៥ មិល្លីលីត្រ

          - ទឹកម្ជូរចម្រុះ ៤៥ មិល្លីលីត្រ

          ដាក់វាចូលទៅក្នុងម៉ាស៊ីនក្រឡុក ដាក់ទឹកកកបន្តិច ។ ក្រឡុកឲ្យសព្វ រួចចាក់ចូលកែវជាការស្រេច។ សូមអញ្ជើញពិសា !

          អាហារដែលគួរជៀសវាងពេលមានផ្ទៃពោះ

           ការ​ញ៉ាំអាហារ​ដែល​មាន​សុខភាព​ ក្នុ​ងអំឡុងពេល​កំពុង​មាន​ផ្ទៃពោះ គឺផ្តោត​សំខាន់​ខ្លាំង ផងដែរ​ទៅ​លើ​​អាហារ​​ណា​ខ្លះ​ដែល​ត្រូវ​ចៀសវាង។ អាហារ​ខ្លះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទារក​របស់​អ្នក​​ និងធ្វើ​ឲ្យ​អ្នក​ឈឺ។ ដូច្នេះ សុវត្ថិភាព​ចំណីអាហារ​ ត្រូវតែ​ជា​ចំណុច​អាទិភាព។ ឥឡូវ​ អ្នក​មា​នផ្ទៃពោះ អ្នក​គួរ​តែ​ចៀសវាង​អាហារ​​​ដូចខាងក្រោនេះ ៖

  • ស៊ុត ​ចម្អិន​មិន​ឆ្អិន​ល្អ ឬ ស៊ុតឆៅ ឬ​ អាហារ​ដែល​ទំនងជា​ត្រូវ​លាយ​ស៊ុត (រួមមាន បង្អែម​ដាក់ផ្នែក​ក្រហម​នៃស៊ុត ការ៉េម និង ម៉ាយូណេស៍ ទាំងអស់នេះ​អាចធ្វើ​ពី​ស៊ុត​ឆៅ)។ អ្នក​គួរ​ចម្អិន​ស៊ុត​ទាល់ឆ្អិន​ឡើង​រឹង។
  • សាច់សត្វ​​ ឬ ត្រី​ចម្អិន​ស្ទើរ សាច់នោះមិន​ត្រូវ​នៅ​ពណ៌​ផ្កាឈូក (ទោះបី​ តាម​ទម្លាប់​អ្នក​ចូល​ចិត្ត​វា​បែប​នេះក៏ដោយ!)។ត្រីឆៅ ឬ សាច់ឆៅ ដូចជា​ sushisteak tartare និង ត្រីសូម៉ុង ឬ ងាវ ។
  • ទឹកដោះគោ​ដែល​មិន​ទាន់​រំងាប់​មេរោគ ហ្វ្រូម៉ា ឬ ទឹកដោះគោ​ជូរ ។
  • ហ្វ្រូម៉ា​ទន់ ដូចជា brie, camembert, ricotta, ឬ blue veined cheeses (អ្នក​អាច​ញ៉ាំ​ហ្វ្រូម៉ា cheddar cheese cottage cheese បានប្រសិនបើ​វា​បាន​ឆ្លងកាត់ការ​សម្លាប់​មេរោគ-ចូរ​ពិនិត្យ​ស្លាកវា!)
  • សាច់ប៉ាតេ ឬ ថ្លើម ក្នុង​អាហារ​ទាំងនេះ អាច​មាន​បរិមាណ​វីតាមីន អា ច្រើន​ពេក ដែល​អាច​គ្រោះថ្នាក់​ដល់​​ទារក​របស់អ្នក ។ អាហារ​ស្រាប់ ដូចជា potato salad ឬ coleslaw ជួន​កាល​​វា​អា​ចមានកម្រិត​បាក់តេរី​ខ្ពស់។
  • ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​​អាហារ​ស្រាប់ ឬ អាហារ​ដែលកំដៅឡើងវិញ នៅ​ក្តៅ​រហូត​ទាល់​តែ​ញ៉ាំ​អស់។
  • ប្រយ័ត្នប្រយែង​ចំពោះសាច់​​បាប៊ីឃ្យូ ដ្បិត​សាច់​បែបនេះ​ គេច្រើន​តែ​ទុក​ចោល​យូរ ​​មុននឹង​លើកយកមកឲ្យ​ញ៉ាំ។
  • ត្រី​ Swordfish ត្រី marlin និង ត្រីឆ្លាម។ ត្រី​ទាំងនេះអាច​ផ្ទុក​ជាតិបារតពីធម្មជាតិ​ដែល​អាច​មាន​គ្រោះថ្នាក់​ដោយ​ការអភិវឌ្ឍប្រព័ន្ធ​ប្រសាទរបស់​ទារក ​អ្នក។ ត្រី​ធូណាក៏​មាន​ជាតិ​បារត​ ដែរ ដូច្នេះ ចូរ​បន្ថយ​បរិមាណ​ដែល​អ្នក​ញ៉ាំ​ មក​ត្រឹម​ត្រីទំហំមធ្យម​ចំនួនបួនកំប៉ុង (១៤០ ក្រាមក្នុងមួយកំប៉ុង) ឬ ពី​របន្ទះ​ (រហូត ១៧០ ក្រាម)​ ក្នុង​មួយសប្តាហ៍។​
  • សណ្តែកដី៖ ស្រ្តីត្រូវ​ចៀសវាង​ញ៉ាំ​សណ្តែកដីក្នុងពេល​កំពុង​មាន​ផ្ទៃពោះ និង កំពុង​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះម្តាយ ជាពិសេស​ប្រសិនបើ​គ្រួសារ​មាន​ប្រវត្តិ​កើតបញ្ហា​ប្រតិកម្ម ដូចជា​ហឺត ត្រអក​ ជំងឺតឹង​ច្រមុះ។
  • សុរា៖ កា​រញ៉ាំ​សុរា​ច្រើន​ហួស​ប្រមាណ អាចបណ្តាល​ឲ្យមាន​គ្រោះថ្នាក់​ជាច្រើន​ដល់​ទារក​ក្នុងផ្ទៃ។ មិន​តែប៉ុណ្ណោះ វាអាច​ប៉ះពាល់​ដល់ការ​អភិវឌ្ឍ​ខួរក្បាល​របស់កុមារ។

                         ការជក់បារីក្នុងពេលមានផ្ទៃពោះ

        តើអ្នកកំពុងមានផ្ទៃពោះ ឬ កំពុងចង់មានគភ៌ឬ ?

    តទៅនេះ គឺជាព័ត៌មានដែលស្រ្តីជិតក្លាយជាមាតា​ទារកគ្រប់រូបគួរដឹងពាក់ព័ន្ធនឹងការជក់បារី៖           ទម្លាប់ជក់បារីបានផ្លាស់ប្តូរជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដ្បិតយើងកាន់តែយល់ដឹង​អំពី​គ្រោះ​ថ្នាក់ដែលអាច​កើតមានជាយថាហេតុពីការជក់បារី។ ឧទាហរណ៍ កាលពីមុន គេថាស្រ្តីមាន​គភ៌​ជក់​បារីអាចធ្វើឲ្យគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។ ប៉ុន្តែ ការសិក្សាបានរកឃើញថា ការស្រង់ផ្សែងបារី​ក៏អាច​មាន​គ្រោះថ្នាក់ដែរ និង សូម្បីតែជក់បារីមុនពេលមានគភ៌ក៏មានគ្រោះថ្នាក់ ។  ស្រ្តីដែលជក់បារី​អាចពិបាក​មាន​គភ៌ ។    ប៉ុន្តែ មិនមែនឲ្យតែស្រ្តីជក់បារីសុទ្ធតែជាដើមហេតុនៃបញ្ហានេះនោះទេ ។ បុរសដែលជក់បារី គួរ​គិតផ្តាច់បារីផងដែរ ដ្បិតការជក់បារីអាចប៉ះពាល់ដល់គុណភាព និង ការផ្លាស់ទីរបស់ទឹកកាមបុរស ។ 

        បញ្ហាដែលកើតមាន ប្រសិនបើអ្នកជក់បារីក្នុងពេលមានគភ៌

        កាលណាអ្នកជក់បារី អ្នកនឹងស្រូបផ្សែងបារីច្រើនដែលផ្ទុកទៅដោយសារធាតុគីមីពុល។ ផ្សែងនេះប៉ះ​ពាល់​​ដល់​ដំណើរខ្យល់ដកដង្ហើមរបស់អ្នក ។ អុកស៊ីហ្សែននៅក្នុងឈាមរបស់​អ្នកនឹងត្រូវជំនួសដោយ​ឧស្ម័ន​ពុល ។ នេះមានន័យថា ប្រសិនបើអ្នកជក់បារីពេលកំពុងមានផ្ទៃពោះ ទារកនៅក្នុងផ្ទៃរបស់​អ្នកនឹង​ទទួល​អុកស៊ីហ្សែន និងជីវជាតិអាហារបំប៉នបានតិចតួច ប៉ុន្តែទទួលជាតិគីមីពុលបានច្រើន ហើយបេះ​ដូង​​របស់ទារកនឹងត្រូវប្រឹងលោតញាប់ ដ្បិតវាត្រូវការអុកស៊ីហ្សែនដែលមិនគ្រប់នោះ  ។

       របៀបដែលការជក់បារីប៉ះពាល់ដល់រូបអ្នក ក្នុងពេលមានគភ៌

       ជាមធ្យម ស្រ្តីដែលជក់បារី ងាយរងផលប៉ះពាល់ពីប្រការខាងក្រោម ជាងស្រ្តីដែលមិនជក់បារី ៖

  • ងាយកើតអាការចាញ់កូន
  • ទារកចាប់កំណើតក្រៅស្បូន
  • ងាយនឹងរលូតកូន
  • ទារកកើតមិនគ្រប់ខែ

      របៀបដែលការជក់បារីប៉ះពាល់ដល់ទារករបស់អ្នក ក្នុងពេលមានគភ៌ទារកក្នុងផ្ទៃស្រ្តីដែល​មាន​គភ៌ ដែល​នៅ​បន្ត​ជក់បារី ងាយនឹងជួបបញ្ហាដូចខាងក្រោម ៖

  • រីកលូតលាស់មិនប្រក្រតី
  • កើតមិនគ្រប់គីឡូ
  • ពិបាករក្សាកំដៅរាងកាយ ពេលកើតមក
  • ទារកងាយស្លាប់ភ្លាមៗ
  • ងាយកើតជំងឺផ្សេងៗ ដូចជាជំងឺហឺត

       ចូរព្យាយាមផ្តាច់បារី មុនពេលអ្នកមានគភ៌

         ប្រសិនបើអ្នកផ្តាច់បារីបានមុនពេលអ្នកមានគភ៌ អ្នកមិនត្រឹមតែមានទារកសុខភាព​ល្អតាំងពីដើម​ទីនោះ​ទេ អ្នកនឹងអាចបន្តផ្តាច់បារីបានយូរផងដែរ ។ ប្រការនេះធ្វើឲ្យអ្នកងាយផ្តាច់បារីក្នុងពេលមានគភ៌ និង ពេល​ក្រោយៗមកទៀត ។

        ជំនួយក្នុងការផ្តាច់បារីសម្រាប់ស្រ្តីដែលជិតក្លាយជាមាតាទារក 

          យើងមានដំណឹងល្អ! ឥឡូវនេះ ដោយសារគ្រោះថ្នាក់នៃការជក់បារីត្រូវបានគេដឹងឮសុះសាយ អ្នកមិន​ពិបាក​​ជំនួយដើម្បីផ្តាច់បារីនោះទេ ។ គ្រូពេទ្យរបស់អ្នកអាចផ្តល់ដំបូលន្មាន និង ការលើកទឹកចិត្តជា​ច្រើន​ដល់អ្នក និង អាចជួយណែនាំអ្នកឲ្យទៅរកក្រុមជំនួយផ្តាច់បារីនៅជិត ៗអ្នកបានផងដែរ ។  អ្នកខ្លះអាច​ឆាប់ផ្តាច់បារីបាន ប្រសិនបើមានគេឯងជួយគាត់ ។

          ការហាត់ប្រាណក្នុងពេលមានផ្ទៃពោះ

ប្រយោជន៍នៃការហាត់ប្រាណ និង ការរក្សាសុខភាពឲ្យបានល្អ ក្នុងពេលមានផ្ទៃពោះ

 ក្នុងពេលដែលអ្នកកំពុងបង្កើនកម្រិតថាមពលរបស់អ្នកជាការល្អ ចូរអ្នកហាត់ប្រាណ​បន្តិចបន្តួចខ្លះ​ផង ។ ដ្បិតការហាត់ប្រាណអាចជួយ ៖

  • បន្ថយបញ្ហាមិនស្រួលខ្លួន ដូចជាទល់លាមក រមួលក្រពើ និង ឈឺខ្នងចង្កេះ
  • ធ្វើឲ្យអ្នកមានកម្លាំងពលំមាំមួន និង អាចប្រកបការងារប្រចាំថ្ងៃបាន
  • ធ្វើឲ្យអ្នកទទួលទានដំណេកលក់ស្រួល
  • បន្ថយភាពតានតឹងក្នុងអារម្មណ៍ និង បង្ការជំងឺផ្សេងៗដែលអាចកើតមានជាយថាហេតុពេលពពោះ
  • ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និង រាងស្អាត
  • ធ្វើឲ្យអ្នកមានឱកាសបានជួបស្រ្តីមានផ្ទៃពោះដូចគ្នា
  • ធ្វើឲ្យរូបរាងរបស់អ្នកងាយវិលទៅរកភាពដើមវិញបាន បន្ទាប់ពីសម្រាលបុត្ររួច
  • ធ្វើឲ្យរាងកាយរបស់អ្នកត្រៀមរួចរាល់សម្រាប់ពេលសម្រាលបុត្រ

តើលំហាត់ប្រាណប្រភេទណាខ្លះ ដែលអាចធ្វើបានដោយគ្មានបញ្ហា ក្នុងពេលមានគភ៌  ?

            ប្រសិនបើអ្នកមិនមានទម្លាប់ហាត់ប្រាណពីមុនមក ជាការល្អបំផុតពេលមានគភ៌ ចូរអ្នកកុំចាប់ផ្តើម​ហាត់​ប្រាណគំហុក ។ ចូរសុំយោបល់ពីគ្រូពេទ្យអ្នកជាមុនសិន ។  ទោះជ្រើសរើសការហាត់ប្រាណប្រភេទ​ណា​មួយ​ក៏​ដោយអ្នកគួរគិតអំពីលំហាត់ប្រាណស្រាល ៗ   ងាយៗមិនប៉ះពាល់ដល់ទារករបស់អ្នក។ ដូច្នេះ ចូរ​សាក​ជ្រើសយកលំហាត់ប្រាណខ្លះដូចខាងក្រោម ៖

  • យោគៈ (yoga) ការហាត់ប្រាណដកដង្ហើម និង ពត់ដងខ្លួនងាយៗ តែហាមពត់ជើងទៅក្រោយ កាច់​បត់ឡើងខ្លាំងមកដល់ក្រោយត្រចៀក! 
  • ដើរ ឬ រត់ត្រឹកៗ
  • ហែលទឹក
  • ក្លឹបហាត់ប្រាណសម្រាប់ស្ត្រីមានផ្ទៃពោះ (  មានថ្នាក់បង្រៀនលំហាត់ប្រាណ ក្នុងអាង ហែលទឹក ដែល​គេ​រៀប​ចំជាពិសេសសម្រាប់ស្រ្តីកំពុងមានគភ៌ )
  • រាំ
  • ធាក់កង់ ជាការហាត់ប្រាណសមស្របមួយក្នុងពេលមានផ្ទៃពោះ ប៉ុន្តែ អ្នកត្រូវធាក់កង់លើផ្ទៃ​រាបស្មើ មិនរលាក់ និង រកមើលកែបកង់ណាដែលមានពូកទន់ៗ។  ពេលអ្នកមាន​ផ្ទៃពោះកាន់តែច្រើនខែ អ្នក​គួរ​ធាក់​កង់នៅមួយកន្លែងវិញដើម្បីបង្ការគ្រោះថ្នាក់ពីការដួលកង់ ដ្បិតផ្ទៃពោះអ្នកកាន់តែរីកធំ អ្នកកាន់តែ​ពិបាក​ក្នុងការរក្សាលំនឹងខ្លួន និង ងាយដួលខ្លាំងណាស់ ។ 
  • លើកដុំដែក-អ្នកគួរជ្រើសរើសការហាត់ប្រាណបែបនេះ ក្នុងពេលមានផ្ទៃពោះ ប្រសិនបើ​អ្នកធ្លាប់​ហាត់​​លើកដុំដែកពីមុនមក។ អ្នកត្រូវលើកដុំដែកទៅតាមទម្ងន់ខុសៗគ្នា និង ជំហរខុសៗគ្នា ប៉ុន្តែ អ្នកត្រូវ​បន្ថយ​ទម្ងន់ដុំដែក នៅពេលផ្ទៃពោះអ្នកកាន់តែធំ ។ ហាមលើកដុំដែកផុតក្បាលរបស់អ្នក ឬ លើកដុំដែក​ផុត​លើក្បាលពោះរបស់អ្នក ។ ប្រសិនបើ អ្នកលើកដុំដែកនៅក្លឹបហាត់ប្រាណ អ្នកគួរសិក្សារកផល​ប៉ះពាល់​នៃការហាត់ប្រាណប្រភេទនេះជាមុនផងដែរ  ។ 

          ថ្នាក់ហាត់ប្រាណក្នុងពេលមានគភ៌

         ប្រសិនបើអ្នកទៅថ្នាក់ហាត់ប្រាណ ត្រូវប្រាប់គ្រូបង្វឹករបស់អ្នកឲ្យដឹងថាអ្នកមានផ្ទៃពោះ។ ចូរពិគ្រោះជា​មួយគាត់ ប្រាប់គាត់ថាអ្នកត្រូវការអ្វី និង ត្រូវរកគ្រូបង្ហឹកណាដែលមានគុណ​សម្បត្តិក្នុងការបង្ហាត់អ្នក​មាន​ផ្ទៃពោះ ដ្បិតគ្រូបែបនេះ អាចផ្តល់ដំបូន្មានល្អៗចំគោលដៅដែលអ្នកចង់បាន ។

       ការហាត់ប្រាណមានសុវត្ថិភាព ក្នុងពេលមានគភ៌ 

ចូរអ្នកចងចាំចំណុចមួយចំនួនទៀត ដូចជា ៖

  • ចូរកុំហាត់ប្រាណយូរពេក
  • ចូរពាក់អាវទ្រនាប់សម្រាប់ហាត់កីឡា និង ពាក់ស្បែកជើងសម្រាប់ជួយទប់លំនឹង
  • ចូរពិសាទឹកឲ្យច្រើន
  • ចូរប្រយ័ត្នកុំឲ្យដួល (ពេលមានផ្ទៃពោះ លំនឹងរបស់អ្នកចាប់ផ្តើមផ្លាស់ប្តូរ)
  • ចូរកុំធ្វើអ្វីមួយឲ្យច្រើនជ្រុល។ ចូរស្តាប់រាងកាយរបស់អ្នក ប្រសិនបើរាងកាយធ្វើឲ្យអ្នកចាប់​ផ្តើម​វិល​មុខ ងងឹតមុខ រមួលក្រពើ អស់កម្លាំងខ្លាំង ឬ ក្តៅខ្លួនខ្លាំង- ត្រូវឈប់ភ្លាម ។ 

        ការហាត់ប្រាណ និង ប្រការដែលគួរចៀសវាង ក្នុងពេលមានគភ៌

ប្រការដែលស្រ្តីមានផ្ទៃពោះគួរចៀសវាងរួមមាន៖

  • ជិះសេះ
  • ជិះស្គី
  • លើកដុំដែកធ្ងន់ៗ
  • ស្ពាយសម្ពាយធ្ងន់ពីក្រោយខ្នង
  • ជ្រមុជទឹកជ្រៅ
  • កីឡាដែលប៉ះទង្គិចគ្នាតិចៗ ឬ ខ្លាំងៗ និងការឡើងទីទួលខ្ពស់ 

ចូរពិគ្រោះយោបល់ជាមួយគ្រូពេទ្យរបស់អ្នករាល់ពេល មុនអ្នកចាប់ផ្តើមហាត់ប្រាណប្រភេទណាមួយ  ។ 

        អាការ​រហិតរហៃ និង អស់កម្លាំង​ខ្លាំង ក្នុងពេល​មាន​ផ្ទៃពោះ

វិធី​សម្រួល​អាការ​រហិតរហៃ និង អស់កម្លាំង​ខ្លាំង ក្នុងពេល​មាន​ផ្ទៃពោះ

ការ​ទប់ទល់នឹង​អាការ​រហិតរហៃក្នុងពេល​មាន​ផ្ទៃពោះមិន​មែនជា​ការងាយស្រួល

នោះទេ  ។  ជាពិសេស​នៅដំណាក់កាលជិត​សម្រាលកូន។ មាន​ប្រការមួយចំនួន ដែលអ្នក

អាច​ធ្វើ ដើម្បី​សម្រួល​អាការអស់កម្លាំងនេះ ៖

  • សម្រាក ២០ នាទី នៅចន្លោះពេល​ព្រឹក និង ចន្លោះពេល​ល្ងាច ដើម្បី​បញ្ជូល​ភ្លើង​អាគុយ​របស់អ្នក ។
  • លើកជើង​ទាំងពីរ​ឲ្យ​ខ្ពស់​បន្តិច អាច​ជួយ​សម្រួល​អាការ​ទល់​នោម និង ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាលជាង​មុន ។
  • ប្រសិនបើ​អ្នកអស់កម្លាំង របបអាហារ​ល្អៗ​ដើម្បី​សុខភាព​ដែល​មាន​តុល្យភាព រឹត​តែ​មាន​សារសំខាន់ដើម្បីជួយ​បង្កើនកម្រិត​ភាពស៊ាំ​នៅក្នុង​ខ្លួន​របស់អ្នក ។
  • អាហារ​ដែល​សម្បូរ​ជាតិដែក ដូចជា​បន្ថែស្លឹកបៃតង អាច​បន្ថែមថាមពល​ដល់​អ្នកដែរ ។
  • ចូរ​កុំពឹង​លើ​អាហារ​ផ្អែម ​ដើម្បី​បង្កើន​ថាម​ពលប្រចាំថ្ងៃ ។
  • ចូរ​ព្យាយាម​រក​គេជួយ​ធ្វើ​ការ​ជំនួសខ្លួនឯង ។
  • ចូរ​សម្រាក ជួល​កុនមកមើល ទិញ​របស់​តាម​អ៊ិនធើណិត ធ្វើអ្វី​ក៏​ដោយ​ឲ្យ​អ្នក​ចូលចិត្ត ។​
  • លៃរកពេល​សម្រាកខ្លួន​ឯង​ឲ្យ​បាន​មួយថ្ងៃ ឬ ពីរថ្ងៃផង។ អ្នក​សមនឹ​ង​ទទួល​បាន​ការ​សម្រាក ។

          ការរលូតកូន

            ប្រការដ៏គួរឲ្យសោកសៅនៃការមានផ្ទៃពោះ

            ការដែលទារកមិនអាចនៅគង់ក្នុងផ្ទៃបាន ក្នុងរយៈពេល ២៤ សប្តាហ៍ដំបូងក្នុងពេលមានផ្ទៃពោះ គឺគេហៅថារលូតកូន។ វាជាបទពិសោធដ៏ជូរចត់ ដែលស្រ្តីមានផ្ទៃពោះឆ្លងកាត់ ។ ស្រ្តីមានគភ៌ម្នាក់ក្នុងចំណោមប្រាំពីរនាក់ ជួបបញ្ហារលូតកូននេះ។ ជាការគួរឲ្យសោកសៅណាស់ ដែលការរលូតកូននេះកើតឡើងញឹកញាប់ដូច្នេះ  ។       ទោះបីមានស្រ្តីខ្លះក្ររលូតកូនស្រ្តីភាគច្រើនរលូតកូននៅអំឡុង ១៣ សប្តាហ៍ដំបូងនៃពេលមានគភ៌ ។ 

            តើកត្តាអ្វីដែលបណ្តាលឲ្យរលូតកូន ?

            ជាទូទៅ ការរលូតកូនក្នុងត្រីមាសដំបូង គឺពាក់ព័ន្ធនឹងភាពមិនប្រក្រតីរបស់ទារកដែលតាំងគភ៌។ ការរលូតកូននៅដំណាក់កាលបន្ទាប់ពីនោះ គឺអាចបណ្តាលមកពីស្ថានភាពជាច្រើន រួមមាន ជំងឺឆ្លង ភាពមិនប្រក្រតីរបស់សុក ឬ ស្បូន ឬ កស្បូនខ្សោយ។ ទោះជាយ៉ាងនេះក្តី មានពេលខ្លះ គេមិនដឹងមូលហេតុនៃការរលូតកូននេះទេ  ។  គេមានតេស្តពីរ ដែលគេប្រើដើម្បីរកឲ្យឃើញនូវភាពមិនប្រក្រតីរបស់ទារក (ការចោះភ្នាសទឹកភ្លោះ និង ការពិនិត្យជាលិកាសរសៃឆ្មារក្នុងសុក)។ ប៉ុន្តែតេស្តទាំងនេះ អាចមានគ្រោះថ្នាក់ដល់ការមានផ្ទៃពោះ។ ប្រសិនបើ គ្រូពេទ្យអ្នកចង់ធ្វើតេស្តនេះ គាត់គួរពន្យល់ឲ្យអ្នកយល់ក្បោះក្បាយអំពីគ្រោះថ្នាក់នៃការធ្វើតេស្ត និង ការមិនធ្វើតេស្ត  ។

ប្រភព៖ youngwomenshealth     ដោយ៖ វណ្ណៈ   ទាញយក (PDF)

     

ចំនួនអ្នកចូលទស្សនា


Statistics
map generator

មាតិកា

Follow me on Google Plus

Like us on facebook

Hello World